AFC Cup៖ ល្ងាចនេះ​បឹងកេតអេហ្វសុី នឹង​មិន​ចាញ់​ក្រុមខ្លាំង Ceres-Negros ធ្ងន់ធ្ងរ​ដូច​ជើង​ទី១ (ស្ថិតិប្រកួត)

By |

នៅល្ងាចថ្ងៃ ពុធ ទី ១១រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែ មេសា គ.ស ២០១៧ នេះក្លិបបាល់ទាត់បឹងកេតអេហ្វសុី និងទទួលស្វាគមន៍ក្លិបបាល់ Ceres-Negros របស់ហ្វីលីពីន ក្នុងជំនួបការប្រកួតប្រចាំពូល F នៃពានរង្វាន់ AFC Cup 2018 នាវេលាម៉ោង ០៦:៣០ នាទី នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ ដែលជាទឹកដីបណ្ដោះអាសន្នរបស់ក្រុមបឹងកេត។ រង់ចាំមើលថាតើ បឹងកេត អាចសងសឹកលើ ក្រុមមកពីហ្វីលីពីន បានឬទេនាល្ងាចនេះ?

*ព័តមានអំពីក្លិបបាល់ទាត់បឹងកេត៖

បឹងកេតអេហ្វសុី ធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ ដោយមិនទាន់ពាក្យថាបរាជ័យម្ដងឡើយ ក្រោយ ៣ប្រកួតកន្លងមក ពោលសុទ្ធតែ ឈ្នះទាំង ៣ប្រកួត កំពុងតែឈរនៅតំណែងកំពូលតារាង ដោយមាន ៩ពិន្ទុក្នុងដៃ នេះគិតត្រឹមសប្តាហ៍ទី៤។ ក្រោមការដឹកនាំដោយលោក កែវ កុសល ចាប់ដៃជាមួយលោក ហៅ សុជាតិ ក្រុមជើងឯកឆ្នាំចាស់ហាក់ធ្វើបានល្អមែនទែននៅលីគក្នុងស្រុក ប៉ុន្ដែសម្រាប់ពានរង្វាន់ AFC Cup 2018នេះវិញ បឹងកេត ហាក់យ៉ាប់យឺនណាស់ ដោយរបូតគ្រាប់បាល់ ១៥គ្រាប់ក្នុងជំនួបប្រកួតក្រៅផ្ទះ ខណៈទើបតែរកបាន ៣ពិន្ទុប៉ុណ្ណោះនៅក្នុងពូល F របស់ខ្លួន។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ Maycon Calijuri ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងជាកីឡាករគ្រោះថ្នាក់សម្រាប់តំបន់ប្រយុទ្ធរបស់ក្រុមបឹងកេតក្នុងការស្វែងរកគ្រាប់បាល់ដែលអាចជាក្ដីកង្វល់ផងដែរសម្រាប់គូរប្រកួត។ កីឡាករសញ្ជាតិប្រេសុីលរូបនេះ កំពុងតែប្រជែងក្នុងតំណែងអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅក្នុងពានរង្វាន់អន្តរជាតិមួយនេះ ជាមួយនឹងគ្រាប់ចំនួន ៣គ្រាប់នៅក្នុងដៃផងដែរ។ ម៉្យាងកីឡាករបរទេសមួយចំនួនដូចជាSamuel Ajayi, Julius Oiboh, Esoh Paul Omogba សុទ្ធ​តែ​អាច​ជួយ​ក្រុម​បាន​វិញ​បើធៀប​នឹង​ប្រកួត​លើក​មុន​ពួក​គេ​អវត្តមាន។

MCL2018_STL_VS_BKFC_5669

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់បឹងកេតអេហ្វសុី៖

៥ ប្រកួតចុងក្រោយនៅក្នុងពានរង្វាន់ AFC Cup 2018 និងលីគកំពូលកម្ពុជារដូវកាល២០១៨ គឺឈ្នះ ៣លើក ចាញ់ ១លើក និងស្មើរ ១លើក។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់បឹងកេត៖

– ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៨៖ បឹងកេតអេហ្វសុី ៣-២ Home United ( សឹង្ហបុរី ) ( AFC Cup 2018 )

– ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៨៖ វេស្ទើនភ្នំពេញ ១-៣ បឹងកេតអេហ្វសុី ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៨ ពូលF៖ Home United ( សឹង្ហបុរី ) ៦-០ បឹងកេតអេហ្វសុី ( AFC Cup 2018 )

– ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨៖ បឹងកេតអេហ្វសុី ៥-១ អគ្គស្នងការដ្ឋាននគរបាលជាតិ ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៨៖ សូលទីឡូអង្គរ ១-១ បឹងកេតអេហ្វសុី ( លីគកំពូលកម្ពុជា )

 

*ព័តមានអំពីក្លិបបាល់ទាត់ Ceres-Negros៖

Ceres-Negros គឺក្រុមដែលកំពុងបង្ហាញទម្រង់បានយ៉ាងល្អនៅក្នុងពានរង្វាន់ AFC Cup 2018នេះ ក៏ដូចជានៅក្នុងពានរង្វាន់លីគកំពូលហ្វីលីពីនផងដែរ ក្រោយឆ្លងកាត់ ៤ប្រកួតកន្លងមកក្រុមជើងឯកលីគកំពូលហ្វីលីពីន ចំនួន២សម័យកាល មិនទាន់ពាក្យថាបរាជ័យនៅឡើយនោះទេ ដោយឈ្នះ ៣លើក ស្មើ ១លើក និងមិនដែលចាញ់ ដោយកំពុងតែឈរនៅកំពូលតារាងប្រចាំពូល F ផងដែរ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ Bienvenido Marañón Morejón ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះក្រោយពីបានបង្ហាញទម្រង់លេងបានល្អនៅក្នុងពានរង្វាន់ AFC Cup 2018 ដោយបានទាត់បាល់បញ្ចូលទីបានចំនួន ៤គ្រាប់មកហើយ និងកំពុងតែប្រជែងជាមួយកីឡាករ ២រូបផ្សេងទៀត ដោយមាន ៤គ្រាប់ដូចគ្នា នៅក្នុងតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ។ ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ក៏បានទាត់ចូលក្រុមបឹងកេត បាន២គ្រាប់ផងដែរកាលពីជំនួបបើកឆាកនៅទឹកដីនៃប្រទេសហ្វីលីពីន។

Maranon-7-Ceres-Negros

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់ Ceres-Negros៖

៥ ប្រកួតចុងក្រោយនៅក្នុងពានរង្វាន់ AFC Cup 2018 និងលីគកំពូលហ្វីលីពីនរដូវកាល២០១៨ គឺឈ្នះ ៣លើក ស្មើរ ១លើក និងមិនដែលចាញ់នោះទេ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់បឹងកេត៖

– ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ពូលF៖ Ceres-Negros ៩-០ បឹងកេតអេហ្វសុី ( AFC Cup 2018 )

– ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ពូល F៖ Home United ១-១ Ceres-Negros ( AFC Cup 2018 )

– ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៨ ពូលF៖ Ceres-Negros ២-០ Shan United ( AFC Cup 2018 )

– ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៨ ពូលF៖ Shan Unites ០-១ Ceres-Negros ( លីគកំពូលហ្វីលីពីន )

– ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៨៖ Ceres-Negros ២-១ Kaya ( លីគកំពូលហ្វីលីពីន )

 

*ប្រវត្តិជួបគ្នារវាង បឹងកេត និង Ceres-Negros៖

ក្រុមទាំង ២នេះ ទើបតែជួបគ្នាបានតែមួយលើកប៉ុណ្ណោះនៅក្នុងពានរង្វាន់ AFC Cup 2018 នេះ ពោលគឺ Ceres-Negros ឈ្នះក្នុងប្រកួតនោះផងដែរចាប់តាំងពីបង្កើតក្លិបទាំង ២នេះ។ ខាងក្រោមនេះជាលទ្ធផលក្រុមទាំង២។

– ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ពូលF៖ Ceres-Negros ៩-០ បឹងកេតអេហ្វសុី ( AFC Cup 2018 )