ខ្លះៗអំពីពានរង្វាន់ស្តេចព្រុយណេដែល U-21កម្ពុជា ត្រៀមចូលរួមប្រកួតក្រោយចូលឆ្នាំខ្មែរ

By |

ដូចដែលបានជ្រាប សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសព្រុយណេ អញ្ជើញចូលរួមប្រកួតក្នុងពានរង្វាន់ស្ដេចស៊ូលតង់ នៃប្រទេសព្រុយណេ ដែលជាពានរង្វាន់ក្រៅផ្លូវការ គ្រោងធ្វើឡើងនៅចុងខែមេសា ខាងមុខនេះ។

មុនការប្រកួតមកដល់ We Are Football សុំធ្វើការបង្ហាញខ្លះៗអំពីពានរង្វាន់ដែលមានប្រទេសចំនួន៧ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមមួយនេះ។

 

hbt_final (13)

 

ដើមកំណើតពាន៖

ពានរង្វាន់ Hassanal Bolkiah គឺជាពានរង្វាន់សម្រាប់ការប្រកួតបាល់ទាត់យុវជនអាស៊ាន គឺជាគំនិតផ្តួចផ្តើមរបស់ព្រះមហាក្សត្រ Sultan និងទាយាទមហាក្សត្រនៃប្រទេសម៉ាឡេស៊ី Yang Di-Pertuan និងកំណត់អោយតែយុវជនអាយុក្រោម២១ឆ្នាំប៉ុណ្ណោះចូលរួមប្រកួត។

ឆ្នាំចាប់ផ្ដើម៖

ពានរង្វាន់ត្រូវបានបង្កើតឡើងជាឆ្នាំដំបូងនៅឆ្នាំ២០០២ ជាមួយនឹងសមាជិកទាំង១០នៃតំបន់អាស៊ីអាគ្នេយ៍ចូលរួមទាំងអស់ ខណៈនៅឆ្នាំដដែលនោះ U-21 ឥណ្ឌូនេស៊ី ជាក្រុមដែលទទួលបានជើងឯក។

ចាប់តាំងពីឆ្នាំ២០០២មក ពានរង្វាន់នេះរៀបចំបាន៥លើករួចមកហើយ ស្របពេលដែលក្រុមដែលជោគជ័យជាងគេនៅក្នុងពានរង្វាន់នេះ គឺ U-21 ថៃ ដោយធ្លាប់ឈ្នះ ចំនួន២ដង បូកជាមួយម្ចាស់ផ្ទះព្រុយណេ ជាមួយ មីយ៉ាន់ម៉ា ម្នាក់ម្ដង។

ប្រាក់រង្វាន់សម្រាប់ឆ្នាំ២០១៨៖

ឆ្នាំ២០១៨នេះ ប្រាក់រង្វាន់គឺមានទំហំទឹកប្រាក់ដូចខាងក្រោម:

  • ក្រុមជើងឯក: ទទួលបាន ២០,០០០ ដុល្លាព្រុយណេ ( ប្រហាក់ប្រហែល ១៥,០០០ ដុល្លាអាមេរិក )
  • ក្រុមជើងឯករង: ទទួលបាន ១០,០០០ ដុល្លាព្រុយណេ ( ប្រហាក់ប្រហែល ៧,៦០០ ដុល្លាអាមេរិក )
  • ក្រុមលេខ៣: ទទួលបាន ៥,០០០ ដុល្លាព្រុយណេ ( ប្រហាក់ប្រហែល ៣,៨០០ ដុល្លាអាមេរិក )

 

គួររំលឹកថា សម្រាប់ឆ្នាំ២០១៨នេះ មានប្រទេសចំនួន៧ចូលរួម បូករួមទាំងខ្លួនជាម្ចាស់ផ្ទះ ក្នុងចំនោមសមាជិកចំនួន១១ប្រទេស ក្នុងពានរង្វាន់ដែលមានឈ្មោះថា Hassanal Bolkiah Trophy 2018 ដោយប្រទេសចំនួន៤ មិនបានបញ្ចូនក្រុមចូលរួមឡើយ។

យោងតាមលទ្ធផលនៃការចាប់ឆ្នោតកាលពីថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៨ កន្លងទៅ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ នឹងត្រូវស្ថិតនៅពូល B រួមជាមួយ U-21 ឡាវ ជាមួយ U-21 សិង្ហបុរី។

ការប្រកួតគ្រោងនឹងធ្វើឡើងនៅចាប់ពីថ្ងៃទី ២៣ ខែ មេសា រហូតដល់ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៨ ដោយប្រទេសព្រុយណេ ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ។

 

គួរបញ្ជាក់ថា ពានរង្វាន់នេះ បានអាក់ខានប្រារព្ធឡើងរយៈពេល៣ឆ្នាំមកហើយ ខណៈឆ្នាំចុងក្រោយគឺនៅឆ្នាំ២០១៤ បន្ទាប់ពីបានបង្កើតឡើងដំបូងនៅឆ្នាំ២០០២ ដោយភាគច្រើនក្រុមដែលចូលរួមគឺជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្ទាល់តែម្ដង និងសម្រាប់តែឈុតយុវជនអាយុក្រោម២១ឆ្នាំប៉ុណ្ណោះ។

ពានរង្វាន់នេះ កម្ពុជា ធ្វើបានល្អបំផុតនៅឆ្នាំ២០០៧ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ស្ទួន ជាមួយ U-21 ម៉ាឡេស៊ី៕

 

រូបភាព៖ subuk-saja / aseanfootball.org