លោក កែវ កុសល ថាកូនក្រុមប្រឹងប្រែងអស់លទ្ធភាពនៅក្នុងការប្រកួត បឹងកេត ចាញ់ Ceres ០ទល់៤

By |

« សម្រាប់ការប្រកួតនេះយើងបានប្រឹងប្រែងអស់លទ្ធភាពហើយទាំងកម្លាំងកាយ និងកម្លាំងចិត្ត នៃការសាមគ្គីក្នុងក្រុមជាពិសេសកីឡាករទាំងអស់គាត់ខិតខំមែនទែន » នេះជាសម្តីរបស់លោក កែវ កុសល គ្រូបង្វឹកក្លិប បឹងកេត ក្រោយបញ្ចប់ការប្រកួតទី៥ នៃពានរង្វាន់ AFC Cup 2018 ដោយចាញ់ Ceres Negros ដោយលទ្ធផល ៤ទល់០ លើទឹកដីនៃពហុកីឡដ្ឋានជាតិ កាលពីថ្ងៃពុធកន្លងទៅ។

ជាមួយគ្នានោះគ្រូបង្វឹកដដែលក៏បានបន្ថែមនៅចំណុចខ្វះខាតត្រូវពង្រឹង « អ្វីដែលយើងត្រូវអនុវត្តន៍បន្ថែមទៀតគឺពាក់ព័ន្ធជាមួយមូលដ្ឋានបច្ចេកទេសខ្លួនដូចជាការបញ្ជូន ការទទួលបាល់ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺអំណោលផលពីធម្មជាតិពាក់ព័ន្ធកាយសម្បទា និងកម្លាំង »។ ខណៈលទ្ធផលបរាជ័យ ៤ទល់០ នេះក៏លោកទទួលស្គាល់និងមានការកោតសរសើរកូនក្រុមខ្លះផងដែរដោយចាញ់ដោយថយចុះគ្រាប់បាល់ពី ៩ទល់០ កាលពីជើងទី១ មកសល់ត្រឹម ៤ទល់០ ជើងទី២។

Screen Shot 2018-04-12 at 4.47.01 PM

*របាយការណ៍ប្រកួត៖

ប្រកួតបានចាប់ផ្ដើមបន្លឺកញ្ជែឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច និងស្ថិតក្រោមការកាត់សេចក្ដីពីអាជ្ញាកណ្ដាលសញ្ជាតិហ៊្សកដានី នៅក្នុងវគ្គទី១ គ្រាប់បាល់២គ្រាប់បានកើតឡើងភ្លាមៗជាប់ៗគ្នា ដែលធ្វើបានសម្រេចដោយកីឡាករ Bienvenido Marañón នៅនាទី៣៦ និង៣៨។ លទ្ធផល ០ទល់២ នេះក៏បានរក្សារហូតដល់ចប់វគ្គទី១ផងដែរ។

ចូលដល់វគ្គទី២ Ceres Negros ដែលបានអះអាងមុនការប្រកួតថានឹងមិនបន្ថយដៃអោយបឹងកេត បានរកគ្រាប់បាល់បន្ថែម២គ្រាប់ទៀត ធ្វើបានសម្រេចដោយកីឡាករ Bienvenido Marañón ដដែលនៅនាទី៦៩ មុននឹងកីឡាករជប៉ុន Takumi Uesato បន្ថែមគ្រាប់ចុងក្រោយនៅនាទី៨៦ បែបនេះក្ដីនាទីដែលនៅសេសសល់ គ្រាប់បាល់ពុំមានការកើតឡើងទៀតឡើយ និងបានរក្សាលទ្ធផល ០ទល់៤ នេះរហូតដល់ចប់ការប្រកួតជាផ្លូវការ។

អត្ថបទពាក់ព័ន្ធ៖ ខ្លះៗពីសកម្មភាពនៃការប្រកួតរវាង បឹងកេត ជាមួយ Ceres Negros កាលពីម្សិលមិញ