ធារី ចន្ថាប៊ីន ត្រូវបាន Terengganu ប្រកាសពីជំហរដ៏រឹងមាំ ធានាកៅអីជាមួយក្លិបដល់ចប់រដូវកាល

By |

បន្ទាប់ពីខ្សែប្រយុទ្ធជួរមុខនៃក្រុមជម្រើសជាតិកម្ពុជា ចំនួន៣រូប ត្រូវបានក្លិបនៅលីគកំពូលបញ្ចប់កិច្ចសន្យាមុនកាលកំណត់ជាបន្ទាប់ ថ្មីៗនេះក្លិបដែលមានកីឡាករកម្ពុជា១រូបទៀតកំពុងប្រកបអាជីពជាមួយចេញមកប្រកាសពីជំហរដ៏រឹងមាំរបស់កីឡាកររូបនេះ។

ក្លិបបាល់ទាត់ Terengganu FC ដែលជាក្រុមទើបតែឡើងមកលីគកំពូលម៉ាឡេស៊ី នៅរដូវកាល២០១៨នេះ ជាមួយនឹងលទ្ធផលផងដែរនោះ បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីចុងសប្ដាហ៍នេះថា កីឡាករកម្ពុជា ធារី ចន្ថាប៊ីន កំពុងតែមានការវិវឌ្ឍន៍ខ្លួន ក៏ដូចជាសម្របខ្លួនបានយ៉ាងងាយស្រួលជាមួយលីគបាល់ទាត់ម៉ាឡេស៊ី។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបានសរសេរថា កាន់តែបង្កើនទម្រង់លេងរបស់ខ្លួន ជាពិសេសនៅក្នុងការគ្រប់គ្រងការពារនៃតំបន់កណ្ដាល ( បម្រើការពារ ) សម្រាប់ក្លិប Terengganu FC នៅគ្រប់ការប្រកួត ជាមួយដៃគូកីឡាករ Lee Tuck។

 

31961036_468403566923663_9168664817907531776_o

ធារី ចន្ថាប៊ីន ជាមួយដៃគូនៅតំបន់បម្រើការពាររបស់ Terengganu កីឡាករ Lee Tuck

 

ការបញ្ជាក់ពីក្លិបបែបនេះ អាចនិយាយបានថា ក្លិបហាក់មានទំនុកចិត្តចំពោះកីឡាករ កូនកាត់ខ្មែរបារាំង ឬអាចនិយាយបានថា ធារី ចន្ថាប៊ីន នឹងមានសុវត្ថិភាពបន្តជាមួយក្លិបដែលមានមូលដ្ឋាន នៅរដ្ឋ Terengganu ភាគខាងកើតម៉ាឡេស៊ី ដីគោកមួយនេះ រហូតដល់ចប់រដូវកាលនៃលីគកំពូលម៉ាឡេស៊ី។

គួរបញ្ជាក់ថា ធារី ចន្ថាប៊ីន ជាកីឡាករដំបូងកម្ពុជា ដែលបានចុះកិច្ចសន្យាជាមួយក្លិបប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី។

រយៈពេលជាង៥ខែ ធារី ចន្ថាប៊ីន បង្ហាញខ្លួនបាន១១ប្រកួត ជាមួយក្លិបត្បិតមិនរកគ្រាប់បាល់បានជាមួយក្រុមក្នុងនាមជាខ្សែបម្រើការពារ៕

 

រូបភាព៖ Terengganu Football Club