ប្រភេទកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ ( National Games ) ចាប់ពូលរួចរាល់ហើយ

By |

ការប្រកួតកីឡាជាតិ ដ៏ធំប្រចាំឆ្នាំរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឈ្មោះថា « ការប្រកួតកីឡាជាតិ លើកទី២ » ដែលមានប្រភេទកីឡា២៧ រួមមានកីឡាបាល់ទាត់ បុរស-នារី ផងដែរនោះ បានចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយ។

សម្រាប់ប្រភេទកីឡាបាល់ទាត់ត្រូវបានចែកចេញជា២ផ្នែក បុរស-នារី ពោលគឺ បាល់ទាត់បុរស មាន២៥ក្រុម ចែកចេញជា៨ពូល ពូល A មាន៤ក្រុម ខណៈចាប់ពីពូល B ដល់ពូល H មានតែ៣ក្រុមប៉ុណ្ណោះ ដោយឡែក បាល់ទាត់នារី ដែលមាន៨ក្រុមចូលរួម ត្រូវបានបែងចែកចេញជា២ពូល។

ក្នុងឆ្នាំ២០១៨នេះ សម្រាប់ប្រភេទកីឡាបាល់ទាត់គឺកំណត់អាយុ លើបាល់ទាត់បុរស ត្រឹមអាយុក្រោម១៧ឆ្នាំ ខណៈបាល់ទាត់នារី តិចបំផុត១៦ឆ្នាំ និងច្រើនបំផុត២០ឆ្នាំ។

 

Screen Shot 2018-05-16 at 11.23.32 AM

លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល ទាំង២ប្រភេទកីឡាបាល់ទាត់ បុរស-នារី

 

ចំពោះរូបមន្តសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ដដែលនេះ លើប្រភេទកីឡាបុរស នឹងប្រកួតតាមរូមន្តវិលជុំមួយជុំក្នុងពូល ដើម្បីរក២ក្រុមដែលមានពិន្ទុលើគេ ឡើងមកប្រកួតវគ្គ១៦ក្រុមចុងក្រោយ បន្តបន្ទាប់រហូតដល់វគ្កផ្ដាច់ព្រ័ត្រ ស្របពេលដែលបាល់ទាត់នារី ក៏នឹងត្រូវប្រកួតតាមរូបមន្តជម្រុះក្នុងពូល១ជុំ ដូចគ្នា ហើយ២ក្រុមដែលមានពិន្ទុលើគេនឹងឡើងទៅប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។

គួរដឹងដែរថា បាល់ទាត់បុរស នឹងចាប់ផ្ដើមពីថ្ងៃទី ២៥ ខែ ឧសភា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ០២ ខែ មិថុនា ពោលគឺរយៈពេល១០ថ្ងៃ ខណៈបាល់ទាត់នារី នឹងចាប់ផ្ដើមពីថ្ងៃទី ៣០ ខែ ឧសភា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ០៤ ខែ មិថុនា ដែលជាថ្ងៃបិទព្រឹត្តិការណ៍ផ្ទាល់តែម្ដង។

 

WAF-NTG-2016

ការប្រកួតកីឡាជាតិ លើកទី១ កាលពីឆ្នាំ២០១៦

 

ចាំបានថា កាលពីឆ្នាំ២០១៦ ម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ដដែល សម្រាប់បាល់ទាត់បុរស គឺបានទៅ ក្រុមបាល់ទាត់ខេត្តសៀមរាប ខណៈបាល់ទាត់នារី ម្ចាស់មេដាមាសគឺបានទៅលើ ក្រុមបាល់ទាត់នារីខេត្តប៉ៃលិន។

បញ្ចាក់ថា នេះជាឆ្នាំទី២ហើយសម្រាប់ការប្រកួតកីឡាជាតិ ដោយមានប្រភេទកីឡាចំនូួន២៧ផ្សេងគ្នាចូលរួម ខណៈកម្មវិធីប្រកួតនឹងចាប់ផ្តើមពីថ្ងៃ ២៥ ខែ ឧសភា ដល់ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៨ ៕