ផ្លាស់ប្ដូរជំហរលេងញឹកញាប់ Jonny Campbell ថានឹងព្យាយាមធ្វើតាមតម្រូវការសម្រាប់ក្រុម

By |

ជាមួយនឹងការផ្លាស់ប្ដូរជំហរលេងជាញឹកញាប់នេះ Jonny Campbell បានលើកឡើងថា ខ្លួននឹងព្យាយាមធ្វើតាមតម្រូវការគ្រប់ពេលដែលក្រុមចង់បាន ទាំងការពារ និង ប្រយុទ្ធ។

ស្ថិតក្នុងតំណែងដើម ជាខ្សែការពារកណ្ដាល វ័យ២៦ឆ្នាំ នៃក្លិបភ្នំពេញក្រោន កីឡាករ Jonny Campbell ក្នុងប៉ុន្មានប្រកួតចុងក្រោយហាក់ត្រូវបានគ្រូបង្វឹក លោក Sean Sainsbury ផ្លាស់ប្ដូរតំណែងជារឿយៗ ពីការពារ មកប្រយុទ្ធ និងពីប្រយុទ្ធមកការពារ។

 

MCL2018_VSK_VS_PPCFC_5340

Jonny Campbell ក្នុងការប្រកួតទល់នឹង វិសាខា

 

Jonny Campbell បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយក្លិបផ្ទាល់ថា៖ «ខ្ញុំអាចធ្វើគ្រប់យ៉ាងទៅតាមតម្រូវការរបស់ក្រុម អ្វីដែលខ្ញុំចង់បាននោះគឺខ្សែការពារកណ្ដាល ប៉ុន្តែបើក្រុមត្រូវការខ្ញុំលេងតំណែងប្រយុទ្ធ ខ្ញុំអាចធ្វើវាបាន វាជាការសម្រេចចិត្តរបស់គ្រូ ខ្ញុំជាកីឡាករររបស់ក្រុម ខ្ញុំអាចធ្វើបានតាមតម្រូវការ»។

គួររំលឹកថា ចាប់តាំងពីបានប្រកួតក្នុងលីគកំពូលកម្ពុជា ចំនួន៥សប្ដាហ៍រួចមក Jonny Campbell  តែងតែបង្ហាញខ្លួនជាខ្សែការពារ ខណៈចាំបាននៅក្នុងការប្រកួតទល់នឹងណាហ្គាវើល កីឡាករសញ្ជាតិអាមេរិករូបនេះ បានឡើងមកលេងជាខ្សែប្រយុទ្ធ នៅប៉ុន្មាននាទីចុងក្រោយផងដែរ គ្រាដែលក្រុមបាត់បង់សមាជិកម្នាក់។

ក្រៅពីនេះ នៅក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ Jonny Campbell  តែងតែត្រូវបានគ្រូបង្វឹក លោក ដាក់អោយលេងក្នុងតួនាទីជាខ្សែប្រយុទ្ធជារឿយៗ។

 

ទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ទាំងស្រុងរបស់ Jonny Campbell ខាងក្រោម៖

 

គួរបញ្ជាក់ថា Jonny Campbell បានក្លាយជាសមាជិកថ្មីរបស់ក្លិបភ្នំពេញក្រោន កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ បន្ទាប់ពីបានធ្វើតេស្តជាមួយក្លិប និងបានបង្ហាញម្រង់លេងដ៏ល្អរកគ្រាប់បាល់បាន១គ្រាប់ផងដែរ ក្នុងនាមជាខ្សែការពារ។

កីឡាកររូបនេះធ្លាប់មានបទពិសោធន៍នៅក្នុងប្រទេសកំណើតរបស់ខ្លួន និងប្រទេសថៃ ដោយរូបគេធ្លាប់លេងជាមួយក្លិប Philadelphia Fury កាលពីឆ្នាំ ២០១៤ ហើយក៏បានផ្លាស់ទៅក្លិប Charlotte Independence នៅក្នុងឆ្នាំ២០១៥ រួចបន្តចូលរួមជាមួយក្លិប Maimi City នៅក្នុងឆ្នាំ ២០១៦ ដែលជាក្រុមចុងក្រោយដែលគេប្រកបអាជីពនៅប្រទេសអាមេរិក មុននឹងផ្លាស់មកចូលរួមជាមួយក្លិប Chachoengsao FC នៅឯប្រទេសថៃ៕

 

វីដេអូ៖ Phnom Penh Crown FC